Monday, July 6, 2015

នំដំឡូងដុត


                                                           នំដំឡូងដុត 
+ គ្រឿងផ្សំ
- ​ដំឡូងមីស្រស់ឈូស កន្លះចានគោម
- ដំឡូងមីឈូសកញ្ចប់ ២កញ្ចប់ (ម៉ត់)
- ស្ករស ២ស្លាបព្រាបាយ
- អំបិល ចុងស្លាបព្រាកាហ្វេ
- សាច់ដូងខ្ចីហាន់ស្តើងតូចៗ
- ទឹកដោះគោខាប់ ១កំប៉ុង
- ស៊ុត ៣គ្រាប់
- ខ្ទិះដូង ១ចាន​គោម
+ វិធីធ្វើ
១. មុន​ដំ​បូងត្រូវ​បើកចង្ក្រាន​ដុត​នំ​ដាក់កំដៅឲ្យ​ក្តៅ​ប្រហែល​ជាកន្លះម៉ោងជាមុនសិន។
២. ​យក​ដំឡូង​កញ្ចប់, ដំឡូងស្រស់ឈូស, ខ្ទិះ​ដូង, ទឹកដោះគោ, សាច់​ដូង​ខ្ចី, ស្ករស, អំបិល និង​​ស៊ុត​(គោះដាក់)​ ​លាយ​បញ្ចូល​គ្នាឲ្យ​បាន​សព្វ​ល្អ។
៣. បន្ទាប់​ពី​​លាយ​​​បាន​​​បាន​សព្វល្អ​ហើយ​​យក​វា​ចាក់​ចូល​ក្នុង​ចាស​​ដែករាង​ជ្រុង​វែង​ បន្ទាប់​មក​យក​ទៅ​ដាក់​ក្នុង​ចង្ក្រាន​ដុត​នំ​ទុក​ប្រហែល​ជា​ ១ទៅ​ ១ម៉ោង​កន្លះ​។
៤. ​យក​នំ​ចេញ​ពី​ចង្ក្រាន​​ទុក​ឲ្យ​ត្រ​ជាក់​ប្រហែល​ជា​ ១៥-២០​នាទី​កាត់​វា​ជា​រាង​ជ្រុង​ៗ ឬ​តាម​ដែល​អ្នក​ចូល​ចិត្ត​ជា​ការ​ស្រេច៕

ខ​សសៃ និងសាច់គោ


                                                               ខ​សសៃ និងសាច់គោ
រឿងទេស៖
- ខ្ទឹមក្រហម ខ្ទឹមស ខ្ទឹមបារាំង ស្លឹកក្រូច ម្ទេសក្រហម រមាត ផ្កាច័ន្ទ ម្រេច
- សាច់គោ ១គីឡូ
- សរសៃគោ ១គីឡូ
- ស្ករត្នោត បីស្លាបព្រា
- ទឹកត្រី បីវែក
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្រេចបុក ១ស្លាបព្រាបាយ
- ស្រាស ៤វែក
- ការុត៤ និង ដំឡូងបារាំង៤
របៀបធ្វើ៖
១. លីងខ្ទឹមបារាំង ខ្ទឹមក្រហម អោយឈ្ងុយ ទើបដាក់ខ្ទឹមស​លីងអោយឈ្ងុយ​ ហើយដួសចេញ។
២. លីងម្ទេសក្រហម រមាត ផ្កាច័ន្ទ និង ម្រេច អោយឈ្ងុយ ដួសចេញ យកទៅ​បុកអោយម៉ត់ ទើបចាក់​ខ្ទឹមលីង​ចូល បុកអោយ​សព្វចូល​សាច់គ្នា​អោយ​បាន​មួយ​ចានចង្កឹះ។
៣. យកសរសៃគោលាងអោយស្អាត ហាន់ដុំៗតូច ប្រឡាក់ស្រាសា២វែក ទុកចោល ១ម៉ោង ទើបយកទៅស្ងោរអោយផុយ រួចស្រង់ចេញ​លាងទឹកអោយស្អាត។
៤. ហាន់សាច់គោដុំៗ រួចដាក់លាយសរសៃ​គោស្ងោរ យកទៅ​ប្រលាក់នឹងគ្រឿង​បុកខាងលើ លាយស្រាស២វែក និង​ម្រេចបុក កញ្ជ្រាវ​អោយសព្វ ទុកមួយ​អន្លើ ចំនួន ១ម៉ោង។
៥. កាត់ការុត និង ដំឡូងបារាំងដុំៗ ។
៦. កម្លោចស្ករត្នោតក្នុងឆ្នាំងមួយ អោយក្រហម រួចចាក់ទឹកត្រីចូល កូរអោយសព្វទើបចាក់សាច់គោចូល កូររំងាស់ ទាល់តែស្ងួតទឹក ទើបចាក់បន្លែចូល ថែមទឹកស្ងោររំងាស់ ទាល់​តែ​ផុយ​សាច់។
៧. ភ្លក្សថែមថយ តាមចំណូលចិត្ត។ បើចង់អោយកាន់​តែឈ្ងុយ ថែមសន្លឹកក្រូចសើចទៅក្នុងទឹកខ ហើយ​រំងាស់ជាមួយសាច់។
៨. បើទទួលទានជាមួយនំប៉័ង សូមរំងាស់អោយខាប់ បើទទួលទាន​ជាមួយគុយទាវ សូមថែមទឹកអោយ​រាវ ហើយថែមថយ​គ្រឿង​តាមចំណូលចិត្ត។
៩. ពេលដួស​ដាក់ចាន សូមរោយស្លឹកខ្ទឹម និង​ស្លឹកក្រូចសើច​ហាន់ជាសរសៃ​ឆ្មារបំផុត៕

មាន់ស្ពៃខ្មៅ


                                                          មាន់ស្ពៃខ្មៅ
 + គ្រឿងផ្សំ
- ​សាច់មាន់ ៥០០ក្រាម (ស្ងោរ​ឆ្អិន)
- ស្ពៃខ្មៅ ៤០០ក្រាម (ស្រុះ)
- ប្រេងខ្យង ៣ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ។
- ស្ករស ១ស្លាបព្រាបាយ
- ម្ទេសហាន់ តាមចំណូលចិត្ត
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
- ខ្ទឹមបំពង កន្លះស្លាបព្រាបាយ

+ វិធីធ្វើ
១. ដំបូងយក​សាច់​មាន់​​ដាក់​ស្ងោរ​ឲ្យ​ឆ្អិន​ រួច​​​ហាន់​​ជា​ចំណិតៗ​ទុកមួយឡែក​សិន។
២. ​យក​ចាន​មួយ​ដាក់លាយ​គ្រឿង​ផ្សំមាន ​ទឹក​ស៊ីអ៊ីវ, ​ស្ករស​​ និង​ម្ទេសហាន់ រួច​កូរ​វា​ឲ្យ​រលាយ​ចូល​គ្នា​។
៣. បន្ទាប់​មក​យក​​ប្រេង​ខ្យង, ម្សៅស៊ុបមាន់, ខ្ទឹមបំពង​ចាក់​ចូល​​កូរ​វា​ម្តង​ទៀត​​ឲ្យ​រលាយ​​ចូល​​ជា​មួយ​គ្នា​​ដែរទុក​មួយ​​ឡែក​សិន។
៤. ដាក់​ដាំ​ទឹក​ឲ្យ​ពុះ​ យក​ស្ពៃ​ខ្មៅ​​ស្រុះ​មួយ​សន្ទុះ​ស្រង់​ត្រាំ​ទឹក​​ត្រ​​ជាក់​​ដើម្បី​ឲ្យ​​ស្រួយ។
៥. យក​សាច់​មាន់​​ហាន់​រួច​​មក​លាយ​ជា​មួយ​គ្រឿង​ផ្សំ​​ដែល​លាយ​​ទុក​ក្នុង​​ចាន​ឲ្យ​​បាន​​សព្វ​ចូល​​ជាតិ​ល្អ។​​
៦. យក​ចាន​រាប​ស្មើ​មក​រៀប​ស្ពៃ​​ រួច​យក​សាច់​មាន់​លាយ​គ្រឿង​សព្វ​ហើយ​​ដាក់​រៀប​​ពីលើ​​គ្រប​ឲ្យ​ជិត​ដាក់​ចូល​ទូឲ្យ​​ត្រ​ជាក់​​ជា​ការ​ស្រេច៕

បាយដំណើបខ្នុរ


                                                                        បាយដំណើបខ្នុរ
រឿងផ្សំ
- អង្ករដំណើប ២០០ ក្រាម
- ខ្ទិះដូង ១០០ មីលីលីត្រ
- ស្លឹកតយ ៣ដើម កិនយកតែទឹក
- ដូងសរសៃ
- អំបិល
- សាច់ខ្នុរ
វិធីធ្វើ
១. អង្ករដំណើបលាយឲ្យស្អាត ចែកជា ៣ ផ្នែក ១ ផ្នែកត្រាំ​ជាមួយទឹកស្លឹកតយ ១ផ្នែកទៀតត្រាំជាមួយ​ទឹកថែមពណ៌ផ្កាឈូក ១ផ្នែកទៀតត្រាំទឹកធម្មតា ពីរបីម៉ោង​ ឬពេញ​មួយ​យប់ បន្ទាប់មកលាយ​អង្ករដំណើប​ជាមួយទឹក​ស្អាត​ជាច្រើនដង។
២. លាយអង្ករដំណើបជាមួយអំបិល​បន្តិច លាយទាំង ៣ផ្នែក រួចដាក់​ចំហុយ១០ នាទី។ បន្ទាប់ពី ១០ នាទីហើយ ចាក់ខ្ទិះដូង ១/៣ ចូលរួចច្របល​ឲ្យសព្វ ចំហុយ ៧ នាទីទៀត។
៣. បន្ទាប់មក​ពី ៧ នាទីចាក់ខ្ទិះ​ដែលនៅ​សល់ចាក់​ចូលទាំង ៣ផ្នែកច្រលបឲ្យ​សព្វ ចំហុយ ៧-១០ នាទីទៀត​រួចបិត​ភ្លើង។
៤. យកបាយ​ដំណើបដាក់​ចូលសាច់​ខ្នុរ រួចដាក់​សរសែដូង បើចូល​ចិត្តខ្ទិះដូង, ល្ង, សណ្ដែកដី អាចដាក់​ពីលើបាន។
វិធីធ្វើខ្ទិះដូង
យកខ្ទិះដូង ២០០មីលីលីត្រ, ស្ករស ២០ក្រាម និងអំបិល​តិចដាក់​ដាំ បន្ទាប់​មកលាយ​ម្សៅឆា ១/២ ស្លាបព្រា​ជាមួយទឹក​ចាក់ចូល​ទៅក្នុង​ឆ្នាំង​ខ្ទិះដូង​ ​ហើយ​កូរឲ្យ​សព្វរួចបិត​ភ្លើង៕

​ម្ទេស​ជ្រក់


                                                                       ត​ម្ទេស​ជ្រក់
+ គ្រឿងផ្សំ
- ​ម្ទេសដៃនាង ១គីឡូកន្លះ (ទង់ចេញកុំឲ្យ​ល្វីង)
- ទឹកខ្មេះ ២៤០មីលីលីត្រ
- ខ្ទឹមស ១ចានចង្កឹះ
- ទឹកត្រី កន្លះ​ចានចង្កឹះ​
- ស្ករស ២ស្លាប​ព្រាបាយ
- អំបិល ១ស្លាប​ព្រាកាហ្វេ
- ទឹក ៦០០មីលីលីត្រ
+ វិធីធ្វើ
១. មុន​ដំបូង​​ដាក់​ដាំ​ទឹក​ឲ្យ​ពុះចាក់​​ម្ទេស​ចូល​​ទុក​ប្រ​ហែល​ ២នាទី​។
២. បន្ទាប់​ពី​ ២នា​ទី​មក​លើ​វា​ចេញ​ចាក់​​ដាក់​ក្នុង​កញ្ជ្រែងទុក​ឲ្យ​​ត្រ​ជាក់​ ហើយស្ងួត។
៣. យក​ឆ្នាំង​មួយ​​ដាក់​ទឹក, ទឹកខ្មេះ,​​ ទឹកត្រី, ស្ករស និង​អំបិល​​ចូល​ រួច​​យក​វា​ដាក់​ដាំ​ឲ្យ​ពុះ​ទុក​ឲ្យ​រលាយ​ប្រហែល​ជា​ ៥នាទី​​លើក​ចេញ​ទុក​​ឲ្យ​ត្រ​ជាក់​។
៤. ​យក​ម៉ាស៊ីន​កិន​ដាក់​ម្ទេស​ ជា​មួយ​​ទឹក​ដាំ​ទុក ​​(ទុក​ឲ្យ​​ត្រ​ជាក់​) និង​ខ្ទឹម​ស​​​ចូល​រួច​​កិន​ឲ្យ​ម៉ត់ប្រហែលជា ៦វិនាទី ឬ​តាម​ដែល​ចង់​​បាន​ម៉ត់​ល្មម​ ឬម៉ត់ខ្លាំង។
៥. បន្ទាប់​ពី​កិន​រួច​រាល់​ហើយ​យក​ក្រឡរថ្ម​​មក​ដាក់​​ច្រក​ម្ទេស​ចូល ​(កុំ​យក​ក្រឡរ​​ជ័រ​នៅ​ពេល​ទុក​យូរ​អាច​​ធំខ្លិន​ជ័រ​) ទុក​វា​ឲ្យ​ត្រ​ជាក់​​ចាំ​គ្រប​គំ​រប​ ពេល​ដែល​​នៅ​ក្តៅ​គ្រប​​ទៅ​​អាច​ដុះ​ផ្សិត​​ខូច​​បាន៕​

ប្រហិត​សាច់គោ​


                                                          ប្រហិត​សាច់គោ​
 គ្រឿងផ្សំ៖
- សាច់គោ ៣៥០ក្រាម អាចប្រើសាច់គោកិនស្រាប់
- ម្សៅពោត ២ស្លាបព្រាបាយ 
- ទឹកត្រី ២ស្លាបព្រាបាយ
- ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេកន្លះ
- អំបិល ១ស្លាបព្រាកាហ្វេកន្លះ
- baking powder ១ស្លាបព្រាកាហ្វេកន្លះ (ម្សៅដុតនំ)
- ម្រេច
ការធ្វើ៖
១. សាច់ និងគ្រឿងទាំងអស់​ដាក់ចូលទៅក្នុង​ម៉ាសីុនកិនសាច់ រហូតដល់​សាច់ស្វិតល្អ។
២. យកសាច់ចេញ រួចដាក់ចូល​ថង់ប្លាស្ទិច ។ កាត់ក្បាល​ថង់តូច​ល្មមដើម្បី​ច្របាច់ប្រហិត​ចេញមក​មូលល្អ ហើយ​ជាវិធីដែល​ងាយស្រួល។
៣. ក្នុងអំឡុងពេល​ច្របាច់​ប្រហិត ដាក់ទឹក​ដាំឲ្យពុះដាក់​អំបិល ស្ករ, រួចភ្លក្ស រសជាតិ​ល្មម គឺ​បានហើយ។ (វិធីនេះ​មិនធ្វើឲ្យសាច់​គោសាប​ពេលស្រុះរួច) ។ ទឹកពុះ​ដាក់​សាច់​គោ​ចូល​ចម្អិន ៥នាទី រួច​ដួលចេញ។
៤. ប្រសិនបើធ្វើទុកញាុំ​ពេលដួល​ចេញដាក់​ចូលទៅក្នុងចាន​ទឹកត្រជាក់ រួចដាក់​ចូលថង់ ឬប្រអប់។ ដាក់ចូលទូរកកប្រសិនបើ​អ្នកចង់​ទុករយៈពេលយូ​រជាងនេះ។
យើងអាច​ច្របាច់​ដោយដៃ ឬនៅក្នុង​ថង់ប្លាស្ទិច​ក៏បាន​តាមចំណង់​ចំណូលចិត្ត ប៉ុន្តែយើងគិតថា​ប្រើថង់​ងាយស្រួលជាង​ ព្រោះវាអាច​មូលល្អ៕

ល្ងខ្មៅ​ឲ្យមាន​រសជាតិ​ឆ្ងាញ់


                                                  ល្ងខ្មៅ​ឲ្យមាន​រសជាតិ​ឆ្ងាញ់
រឿងផ្សំ៖
- ល្ងខ្មៅ ៤០០ ក្រាម 
- ស្ករស១០០ក្រាម
- ដូងកោសស្រាប់ ៥០០ក្រាម
- ទឹកដូងខ្ចី ៥០០ មីលីលីត្រ

របៀបធ្វើ៖
- ជំហានទី ១៖ យកល្ងទៅ​លីង​ឲ្យឡើង​ឈ្ងុយរួច​បិទភ្លើង រួច​យកល្ងដាក់ចូល​ត្បាល់​បុកឲ្យ​ម៉ត់។
- ជំហានទី ២៖ ចាក់ទឹកដូងខ្ចី​ចូលចាន​ដូងដែល​កោស​រួចច្របាច់​យកខ្ទិះ។ បន្ទាប់មក​ចាក់ខ្ទិះ និងល្ងខ្មៅ​ចូលម៉ាសីុន​កិនឲ្យម៉ត់។
- ជំហានទី ៣៖ បន្ទាប់ពីកិនរួចចាក់​ចូលឆ្នាំង​ដាំពុះជាមួយស្ករ​ឲ្យរលាយ ក្នុងអំឡុង​ពេល​ចម្អិន​ត្រូវកូររហូត។
- ជំហានទី ៤៖ នៅពេល​ដែលស្កររលាយ​ល្ង និងក្លាយ​ជាពណ៍ខ្មៅ​នឹងមាន​ភាពស្រស់​ស្អាត​គួរឲ្យ​ចង់ញាុំ។
- ជំហានទី ៥៖ ល្ងខ្មៅត្រូវញាុំពេល​នៅក្ដៅ​បានឆ្ងាញ់ អ្នកអាច​បន្ថែមទឹកដោះគោ ខ្ទិះដូង​ចូលទៅប្រសិន​បើ​អ្នកចង់៕